លោក​ហ៊ុន សែន ទៅប្រទេសចិនដើម្បី​ជំរុញ​ការ​ដាក់ទុនសាងសង់​ព្រែកជីកហ៊្វូណន

Hun Sen China meeting.jpg

លោក ហ៊ុន សែន ជួបពិភាក្សាជាមួយ លោក ឈិន ចុង ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC)។

ក្នុងរយៈពេល ៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានប្រើប្រាស់តួនាទីជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាលថ្មី ធ្វើដំណើរពីកម្ពុជា ទៅកាន់ប្រទេសចិន។


ដំណើរទៅកាន់ប្រទេសចិនពេលនេះ ក្រសួងការបរទេសកម្ពុជា បានប្រកាសថា លោក ហ៊ុន សែន ទៅចិន ដើម្បីចូលរួមវេទិកា បូអាវ អាស៊ី ដែលចិន ជាអ្នកផ្តួចផ្តើមរៀបចំ។

ប៉ុន្តែអំឡុងពេលចូលរួមកិច្ចប្រជុំនោះ លោក ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយ លោក ឈិន ចុង (Chen Zhong) សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ នៃគណ:កម្មាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (China Communication Construction Corporation CCCC)។

ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន CCCC ជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ហើយក៏កំពុងការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត ជាប់ព្រំដែនវៀតណាម និងសិក្សាផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែត ជាប់ព្រំដែនថៃ។

ក្រុមហ៊ុនចិននេះ ក៏កំពុងសិក្សាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ពីទន្លេបាសាក់ ក្នុងខេត្តកណ្តាល កាត់តាមខេត្តតាកែវ កំពត ទៅកាន់សមុទ្រ ក្នុងខេត្តកែប។

សេចក្តីរាយការណ៍បង្ហាញថា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៨មីនា ប្រធានក្រុមហ៊ុនចិន បានរាយការណ៍ជំរាបពីការងារគម្រោងសាងសងរបស់ក្រុមហ៊ុនចិន ជូនលោក ហ៊ុន សែន អំពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រួមទាំងគម្រោងសាងសង់ព្រែកជីកហ៊្វូណន។

ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន លោក ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងដ៏សំខាន់ សម្រាប់កម្ពុជា។

លោកអនុប្រធានក្រុមហ៊ុនចិន បានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា។ លោកអនុប្រធានក្រុមហ៊ុន បានលើកឡើងថា លោកនឹងខិតខំប្រឹងប្រែង ឲ្យគម្រោងព្រែកជីកហ្វូណនតេជោ បានចេញជារូបរាង តាមការណែនាំរបស់លោក ហ៊ុន សែន និងកូន គឺលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លោកអនុប្រធានក្រុមហ៊ុន ក៏បានជំរាបសម្តេចតេជោ ហ៊ុន សែន ពីផ្លូវ ដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង។ មួយទៀត គឺផ្លូវជាតិលេខ ៣ ពីកំពត ទៅវាលរិញ ប្រមាណជា ២០គីឡូម៉ែត្រ ដែលផ្លូវខូច ធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោក បានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងន័យនេះ លោកអនុប្រធានក្រុមហ៊ុន បានស្នើសុំលោក ហ៊ុន សែន ជួយជំរុញមិត្តចិន ទម្លាក់ថវិកា ដើម្បីក្រុមហ៊ុន យកទៅសាងសង់ ដោយសារក្រុមហ៊ុនរបស់លោក បានជួយថែរក្សាផ្លូវនោះ រយៈពេល ២ឆ្នាំមកហើយ។

សូមរម្លឹកថា មុនពេលផ្ទេរតំណែងនាយករដ្ឋមន្ត្រី ទៅឱ្យកូនប្រុសច្បង ក្នុងឆ្នាំ២០២៣ លោក ហ៊ុន សែន បានអនុម័តគម្រោងសាងសង់ព្រែកជីកហ៊្វូណនតេជោ សម្រាប់ភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រ ក្នុងចម្ងាយ ១៨០គ.ម។ គម្រោងព្រែកជីកហ៊្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ឱ្យក្រុមហ៊ុនចិន សាងសង់ ដោយគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ក៏ប៉ុន្តែគម្រោងជីកព្រែករបស់កម្ពុជានេះ ត្រូវបានប្រទេសវៀតណាម រួមទាំងប្រទេសសម្ព័ន្ធ ដឹកនាំដោយអាមេរិក បានបើកយុទ្ធនាការប្រឆាំងជំទាស់។ ក្រុមប្រទេសទាំងនោះ បានយកហេតុផលថា គម្រោងព្រែកជីក នៅក្នុងទឹកដីកម្ពុជានេះ អាចនឹងប៉ះពាល់បរិស្ថាន និងកម្រិតទឹកទន្លេមេគង្គ ដែលហូរឆ្លងកាត់ប្រទេសចិន ថៃ ភូមា ឡាវ កម្ពុជា និងប្រទេសវៀតណាម។

ម្យ៉ាង ក្រុមប្រទេសទាំងនោះ ក៏ខ្លាចចិន ប្រើប្រាស់ព្រែកជីកថ្មីនេះ ដើម្បីបម្រើឱ្យវិស័យយោធា បើសិនជាកើតជម្លោះប្រដាប់អាវុធណាមួយ នៅសមុទ្រចិនខាងត្បូង ជាមួយវៀតណាម និងបណ្តាប្រទេសមួយចំនួន ជាសមាជិកអាស៊ាន ដែលមានអាមេរិក នៅពីក្រោយនោះ។

តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធនាការប្រឆាំងជំទាស់នឹងគម្រោងព្រែកជីកហ៊្វូណនតេជោ របស់កម្ពុជានេះ ដោយសារតែវៀតណាម អាចបាត់បង់ផលប្រយោជន៍ និងខ្លាចបាត់បង់ឥទ្ធិពលលើកម្ពុជា។ នោះគឺទំនិញរបស់កម្ពុជា សព្វថ្ងៃ ត្រូវដឹកជញ្ជូន ទោះជាតាមផ្លូវគោក និងផ្លូវទឹក គឺត្រូវឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅ ដែលស្ថិតនៅប្រទេសវៀតណាម ដែលជាអតីតទឹកដីខ្មែរកម្ពុជាក្រោមរបស់កម្ពុជាយើង។ ដូច្នេះបើកម្ពុជា មានផ្លូវទឹកសម្រាប់ដឹកជញ្ជូនទំនិញទៅកាន់សមុទ្រ ហើយកម្ពុជា នឹងអភិវឌ្ឍន៍កំពង់ផែ នៅសមុទ្រ ឱ្យក្លាយជាកំពង់ផែទឹកជ្រៅថែមទៀត នោះកម្ពុជា នឹងលែងពឹងអុកស៊ីហ្សែនរបស់វៀតណាម ទៀតហើយ៕


Share